កំណាព្យរឿង “ម្លប់ជីវិត” របស់ម្ចាស់ផេក បេះដូងកវីស្រី បានទទួលជ័យលាភីលេខ២ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ប្រិយមិត្តហ្វ៊េសប៊ុកមួយ​ចំនួន ដែល​ចូលចិត្ត​អាន កំណាព្យ​ ទំនុកច្រៀង ឬ​ប្រលោម​លោក ពិតជាបាន​ស្គាល់នូវ​ស្នាដៃ និងអត្ថបទផ្សេងៗនៅលើផេក បេះដូងកវីស្រី។ ថ្ងៃនេះដែរ យើងខ្ញុំសូមលើកយកប្រវត្តិនិងស្នាដៃម្ចាស់ផេកមកចុះផ្សាយចែកជូនប្រិយមិត្តអ្នកអាន។ ផេក បេះដូងកវីស្រី មាន Admin ឈ្មោះ លឹម ផាន់ណា ហើយគាត់បានក្លាយជាម្ចាស់ជ័យលាភីផ្នែកតែងនិពន្ធកំណាព្យរឿងចំណាប់ថ្នាក់លេខ២ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ក្នុងស្នាដៃកំណាព្យរឿង « ម្លប់ជីវិត» នៅក្នុងឆ្នាំ២០១៨។ ការទទួលពានរង្វាន់នេះមិនមែនជាលើកទីមួយនោះទេ ព្រោះកញ្ញាធ្លាប់ជាម្ចាស់ជ័យលាភី ផ្សេងៗទៀតជាច្រើន ដូចជា៖
១. ជ័យលាភីលេខ៣ ផ្នែកកំណាព្យក្នុងកម្មពិធីទិវា យុវជនស្ម័គ្រចិត្តអន្តរជាតិឆ្នាំ២០១០
២. ជ័យលភីលេខ ៣ ផ្នែកសំណេរអត្ថបទ ស្តីអំពី«ការផ្សះផ្សាជាតិ និង តួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្រោមរបបខ្មែរក្រហម» ដែលរៀបចំដោយអង្គការ YRDP ក្នុងឆ្នាំ២០១១។
៣. ជ័យលាភីលេខ២ ផ្នែកតែងកំណាព្យក្រោមប្រធានបទ «អំណាចទឹកចិត្ត» រៀបចំដោយសមាគមន៍អ្នកសាបព្រោះ ក្នុងឆ្នាំ ២០១២
៤. ជ័យលាភីលេខ ២ ផ្នែកទំនុក​ច្រៀងស្តីអំពី « តម្លៃធនធានធម្មជាតិ» ដែលរៀបចំដោយ អង្គការ KYSD នាឆ្នាំ២០១២។


ទន្ទឹមនឹងស្នាដៃទាំង​លើនេះ កញ្ញា លឹម ផាន់ណា បាននិពន្ធរឿង​ជាច្រើនទៀត ហើយ​រឿង​ដែល​គួរ​ឱ្យចាប់​អារម្មណ៍មាន​ដូចជារឿង បានថើបរសើបបេះដួង និង ទេពអប្សតូច។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានសរសេរទំនុកចម្រៀង ព្រមទាំអកំណាព្យផ្សេងៗទៀតផងដែរ។ ដោយឡែកក្នុងឆ្នាំ២០១៨នេះ កញ្ញាមានស្នាដៃធំៗចំនួន៤ ដែលមានការគាំទ្រជាច្រើន ដូចជា៖
          ១. ប្រលោមលោក រឿង “កុំហៅខ្ញុំក្រមុំចាស់” ដែលត្រូវបានចុះផ្សាយក្នុងវេបសាយ ប្រលោមលោកសប្បាយ ហើយមានការគាំទ្រ និងផ្ញើសារមកអ្នកនិពន្ធយ៉ាងច្រើន ដោយសរសើរនូវសាច់រឿងថាពិតជាល្អអាន។

          ២. អត្ថបទចម្រៀង “កុំហៅខ្ញុំថាស្រីចាស់” ដែលច្រៀងដោយ កញ្ញា គង់ ចាន់រដ្ឋា គឺជាបទដែលល្បីនៅតាមបណ្តាញសង្គម ទូរទស្សន៍នានា ជាពិសេសនៅក្នុង Youtube។ ជាក់ស្តែង Channel Lim Phanna មានអ្នកចូលទស្សនារហូតទៅដល់ ៨.៤លានដងគិតត្រឹមចុងខែ១១ឆ្នាំ២០១៨។

          ៣. បោះពុម្ភសៀវភៅរឿង «សាកលស្នេហ៍» ដែលមានការសហការជា មួយអ្នកនិពន្ធបីរូបផ្សេងទៀត ដែលក្នុង​សៀវភៅ​នេះ​ រឿងរបស់​កញ្ញា មាន​ចំណងជើងថា “ស្នាម​ថើប រសើប​បេះដូង”។

          ៤. កញ្ញា លឹម ផាន់ណា ក្លាយជាម្ចាស់ជ័យលាភីលេខ ២ ផ្នែកតែងនិពន្ធកំណាព្យរឿងដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី ៧ខែធ្នូឆ្នាំ ២០១៨នេះ។



ទន្ទឹមនឹងភាពជោគជ័យរបស់កញ្ញាជាបន្តបន្ទាប់បែបនេះ ផាន់ណា បានតាំងចិត្តយ៉ាងមុតមាំ ក្នុង​ការពង្រឹងស្នាដៃ​និពន្ធ និង​ចេញ​ផ្សាយ​ជា​សៀវភៅនៅឱកាស​ក្រោយៗទៀត៕













Comments